• HOME
  • ពត៍មានក្នុងការរស់នៅ
  • សុវត្ថិភាពព័ត៌មាន
  • សកម្មភាពដែលត្រូវធ្វើខណៈពេលរញ្ជួយដី

សុវត្ថិភាពព័ត៌មាន សុវត្ថិភាពព័ត៌មាន សកម្មភាពដែលត្រូវធ្វើខណៈពេលរញ្ជួយដី

សកម្មភាពដែលត្រូវធ្វើខណៈពេលរញ្ជួយដី

( លេខទំនាក់ទំនងបន្ទាន់សំរាប់ពេលរញ្ជួយដី 119)

  • - ការរញ្ជួយយូរបំផុតនៅពេលរញ្ជួយដីមានរយៈពេល1ទៅ2នាទី។ នៅក្នុងអំឡុងពេលនេះ សូមចូលក្រោមតុដើម្បីការពារខ្លួន ឬបើគ្មានតុទេ ត្រូវការពារក្បាលជាមួយនឹងរបស់ទន់ៗដូចជាពូក ខ្នើយ ជាដើម។
  • - បើកទ្វារដើម្បីធានាសុវត្ថិភាពច្រកចេញ ហើយបិទហ្គាសនិងអគ្គិសនីឱ្យអស់។
  • - ពេលមានអគ្គិភ័យ កុំជ្រួលច្របល់ ហើយពន្លត់ភ្លើងឱ្យលឿន។ មានឱកាសបីក្នុងការពន្លត់ភ្លើង គឺ មុនពេលរញ្ជួយខ្លាំង ក្រោយពីឈប់រញ្ជួយខ្លាំងភ្លាម និងនៅពេលភ្លើងទើបតែឆេះតិចៗ។
  • - កុំប្រញាប់ប្រញាល់រត់ចេញទៅក្រៅនៅពេលរញ្ជួយដី ព្រោះអ្នកអាចនឹងរបួសដោយសារតែបង្អួចកញ្ចក់ ឬស្លាកយីហោអាគារធ្លាក់។
  • - នៅពេលមានរញ្ជួយដីឬអគ្គិភ័យ កុំជិះជណ្ដើរយន្ត។ បើកំពុងជិះជណ្ដើរយន្ត ត្រូវចុចប៊ូតុង ហើយប្រញាប់ចុះចេញ។ ប្រសិនបើអ្នកជាប់នៅក្នុងជណ្ដើរយន្ត ត្រូវចុចទូរស័ព្ទនៅក្នុងនោះដើម្បីរកជំនួយ។
  • - នៅពេលលែងរញ្ជួយខ្លាំង ត្រូវគេចខ្លួនទៅកន្លែងដែលមានទីធ្លាធំដូចជាសួនច្បារជាដើម។ កុំនៅក្បែររបស់ដែលមិនត្រូវបានដាក់ឬចងជាប់ល្អដូចជាជញ្ជាំងឥដ្ឋ ឬម៉ាស៊ីនលក់ស្វ័យប្រវត្តិ ជាដើម ព្រោះវាអាចនឹងដួលរលំ។

ប្រសិនបើអ្នកនៅក្នុងផ្ទះរបស់អ្នក

① សុវត្ថិភាពរបស់អ្នកនិងគ្រួសារអ្នកសំខាន់ជាងគេ។ ការរញ្ជួយយូរបំផុតប្រហែល១ទៅ២នាទី។ ដំបូងចូលក្រោមតុដែលមាំ ហើយចាប់ជើងតុឱជាប់ដើម្បីការពារខ្លួន។ ប្រសិនបើគ្មានរបស់ដូចជាតុទេ ត្រូវការពារក្បាលជាមួយនឹងរបស់ទន់ៗដូចជាពូក ខ្នើយ ជាដើម។

② របស់ដូចជាគ្រឿងសង្ហារិមជាដើមអាចនឹងដួលឬធ្លាក់ ដូច្នេះត្រូវប្រយ័ត្ន កុំធ្វើអ្វីដែលនាំឱ្យរបួស។

③ ប្រសិនបើមានភ្លើងឆេះ កុំជ្រួលច្របល់ ហើយពន្លត់ភ្លើងឱ្យលឿន។ នៅពេលមានរញ្ជួយដីខ្លាំង អាចនឹងពិបាករករថយន្តពន្លត់អគ្គិភ័យ។ ដូច្នេះ ការប្រឹងប្រែងរបស់ម្នាក់ៗដើម្បីកាត់បន្ថយគ្រោះថ្នាក់ដោយសាររញ្ជួយដីពិតជាសំខាន់ណាស់។

④ ទោះបីមានរញ្ជួយដីតិចក៏ដោយ សូមមានទម្លាប់បិទឬពន្លត់ភ្លើងឱ្យអស់។ វាពិតជាសំខាន់ណាស់បើអ្នក ក្រុមគ្រួសារអ្នក និងអ្នកជិតខាងរួមគ្នាពន្លត់ភ្លើងមុន ដើម្បីបង្ការអគ្គិភ័យ។

នៅអំឡុងពេលរញ្ជួយដី មានឱកាសបីដងក្នុងការបិទឬពន្លត់ភ្លើង

ឱកាសទី១

▶ មុនរញ្ជួយខ្លាំង ឬពេលរញ្ជួយតិចៗ ខណៈពេលដែលមានអារម្មណ៍ថារញ្ជួយតិចៗ ភ្លាមៗនោះត្រូវស្រែកថា “រញ្ជួយដីហើយ! បិទភ្លើង!” ហើយនាំគ្នាបិទចង្រ្កានហ្គាស ឬចង្រ្កានកំដៅដែលកំពុងប្រើប្រាស់។

ឱកាសទី២

▶ នៅពេលការរញ្ជួយខ្លាំងបានបញ្ចប់។ វាគ្រោះថ្នាក់ណាស់ប្រសិនបើចង់បិទភ្លើងនៅពេលរញ្ជួយដីខ្លាំង ដោយសារតែកំសៀវនៅលើចង្រ្កានកំដៅ ឬចង្រ្កានហ្គាសអាចនឹងធ្លាក់។ រញ្ជួយដីខ្លាំងឈប់ភ្លាម ត្រូវស្រែកម្ដងទៀតថា “បិទភ្លើង!” ហើយនាំគ្នាបិទភ្លើង។

ឱកាសទី៣

▶ បន្ទាប់ពីភ្លើងឆេះភ្លាម។ បើទោះបីជាភ្លើងឆេះហើយក៏ដោយ អ្នកអាចពន្លត់វាបានក្នុងរយៈពេល1ទៅ2នាទី។ ត្រូវត្រៀមទុកជានិច្ចនូវធុងពន្លត់អគ្គិភ័យឬធុងទឹកធំដាក់ក្បែរកន្លែងដែលភ្លើងឆេះអាចកើតឡើងបាន ដើម្បីអាចពន្លត់ភ្លើងបានភ្លាមៗ។

⑤ បើកទ្វារជាបន្ទាន់ ដើម្បីធានាសុវត្ថិភាពផ្លូវចេញ!

  • - នៅក្នុងអាគារដែលធ្វើពីដែកនិងស៊ីម៉ងត៍ដូចជា អាផាថឺម៉ិន ជាដើម ធ្លាប់មានករណីជាប់នៅក្នុងបន្ទប់ពេលរញ្ជួយដី ដោយសារតែកោងបើកអត់ចេញ។
  • - ទុកឱ្យទ្វារចំហដើម្បីធានាសុវត្ថិភាពផ្លូវចេញ។
  • - ត្រៀមខ្លួនជាមួយនឹងគម្រោងរត់ចេញដើម្បីជៀសផុតពីការជាប់នៅក្នុងបន្ទប់។

បើសិនជាមានគ្រោះរញ្ជួយដី នៅពេលអ្នកនៅខាងក្រៅ

  • - នៅពេលរញ្ជួយដី អ្នកមិនអាចឈរបាននឹងឡើយ អ្នកនឹងចង់ផ្អែកខ្លួនទៅនឹងអ្វីមួយ។ វត្ថុដំបូង ដែលអ្នកចង់ផ្អែកលើគឺសសរ ឬ ជញ្ជាំង។ វត្ថុទាំងនោះមើលទៅមានភាពរឹងមាំ ប៉ុន្តែការពិតទៅវាមានគ្រោះថ្នាក់បំផុត។ មានមនុស្សជាច្រើនដែលបានស្លាប់ ដោយសារតែសសររលំបាក់លើ នៅពេលមានគ្រោះរញ្ជួយដី។
  • - មិនត្រូវទៅជិតជញ្ជាំងប្លុក ឬ សសរឡើយ។
  • - នៅក្នុងទីក្រុង វត្ថុដែលមានគ្រោះថ្នាក់ជាងគេគឺវត្ថុដែលធ្លាក់មកពីខាងលើដូចជាកញ្ចក់បង្អួច និង ផ្លាកសញ្ញាជាដើម។
  • - វាជាការសំខាន់ ដែលអ្នកគ្របក្បាលរបស់អ្នក ដោយរបស់ងាយៗដូចជាកាតាបស្ពាយ ឬ កាបូប។
  • - មិនត្រូវទៅជិតវត្ថុ ដែលមិននឹងជាប់ ដូចជាម៉ាស៊ីនលក់ស្វ័យប្រវត្តិ ដោយសារតែវាអាចដួលរលំ។ នៅក្នុងតំបន់ទីក្រុង អគារខ្ពស់មានច្រើនហើយវាមានសុវត្ថិភាពជាង បើសិនជាយើងចូលទៅក្នុងអគារ។

បើសិនមានគ្រោះរញ្ជួយដី នៅពេលអ្នកនៅក្នុងផ្សារទំនើប នៅរោងកុន ឬ ផ្សាក្រោមដី

  • - បើសិនជានៅកន្លែងដែលមានមនុស្សច្រើនដូចជាផ្សារទំនើប ឬផ្សារក្រោមដី ជនដែលមានគ្រោះថ្នាក់ជាងគេគឺជាជនដែលមានភាពស្លន់ស្លោរ។ នៅក្នុងកន្លែងបែបនេះ អ្នកត្រូវស្តាប់ ទៅតាមបុគ្គលិកនៅទីនោះ។
  • - ផ្សារនៅក្រោមដីមានសុវត្ថិភាពជាង នៅពេលដែលមានគ្រោះរញ្ជួយដី។ នៅក្នុងករណីដែលដាច់ភ្លើង មិនត្រូវភ័យស្លន់ស្លោរឡើយ អ្នកត្រូវតាំងចិត្តឲ្យនឹង ពីព្រោះភ្លើងអាសន្ននឹងបំភ្លឺឡើងភ្លាមបន្ទាប់ពីនោះ។
  • - នៅក្នុងករណីដែលមានអគ្គីភ័យកើតឡើង ផ្សែងនឹងសាយភាយពេញទីកន្លែង។
  • - សូមបម្លាស់ទីទៅកាន់កន្លែងដែលមានសុវត្ថិភាព ដោយឱនខ្លួនទាបទៅនឹងឥដ្ឋតាមដែលអាចធ្វើបាន ដើម្បីបង្ការការស្រូបផ្សែងចូលតាមការដកដង្ហើម។
  • - មិនត្រូវទៅជិតសសរ ឬ ទ្វារធំឡើយ។

បើសិនជាមានគ្រោះរញ្ជួយដី នៅពេលអ្នកនៅក្នុងជណ្តើរយន្ត

  • - បើសិនជាមានគ្រោះរញ្ជួយដីនៅពេលអ្នកនៅក្នុងជណ្តើរយន្ត សូមចុចប៊ូតុងចេញក្រៅ បន្ទាប់ពីប្រាកដថាខាងក្រៅមានសុត្ថិភាពហើយនោះ។
  • - នៅក្នុងអគារខ្ពស់ ឬ អគារទំនើបផ្សេងទៀត ជណ្តើរយន្តមានបំពាក់ឧបករណ៍បញ្ជាដំណើរការ ហើយវានឹងបញ្ឈប់ជណ្តើរយន្តនៅជាន់ដែលនៅជិតជាងគេនៅពេលមានគ្រោះរញ្ជួយដី។
  • - បើសិនជាអ្នកនៅជាប់គាំងក្នុងជណ្តើរយន្ត សូមហៅទៅកាន់ការិយាល័យគ្រប់គ្រង ដោយប្រើទូរស័ព្ទដែលភ្ជាប់នៅក្នុងជណ្តើរយន្ត។
  • - នៅពេលមានគ្រោះរញ្ជួយដី ឬ អគ្គីភ័យ មិនត្រូវប្រើជណ្តើរយន្តទេ។

បើសិនជាមានគ្រោះរញ្ជួយដី នៅពេលអ្នកនៅក្នុងរថភ្លើងក្រោមដី

  • - បើសិនជាមានរញ្ជួញដី សូមកាន់របារដែក ឬ ដៃកាន់ឲ្យជាប់ ដើម្បីបង្ការកុំឲ្យដួល។ នៅពេលនោះអ្នកត្រូវតែតាំងចិត្តឲ្យនឹង ហើយធ្វើទៅតាមការផ្សាយណែនាំ។ បើសិនជាអ្នកធ្វើសកម្មភាពដោយស្រេចតែចិត្តអ្នក អ្នកអាចបង្ករភាពស្លន់ស្លោរដល់អ្នកដទៃ។
  • - រថភ្លើងក្រោមដីនឹងឈប់ជាបណ្តោះអាសន្ន នៅពេលមានគ្រោះរញ្ជួយដី ដែលមានកម្រិតលើសពី 5.0រិចទ័រ។ ដើម្បីជៀសវាងគ្រោះថ្នាក់ សូមកុំចាកចេញពីរថភ្លើងដោយស្លន់ស្លោរ។
  • - នៅគ្រប់ស្ថានីយ៍រថភ្លើងទាំងអស់ ភ្លើងអាសន្ននឹងបំភ្លឺភ្លាមនៅពេលមានការដាច់ភ្លើង។ ការរត់ទៅកាន់ច្រកចេញមានគ្រោះថ្នាក់ណាស់ និងអាចបង្ករឲ្យមានភាពច្របូកច្របល់។ សូមរក្សាភាពនឹងន និង ធ្វើទៅតាមការផ្សព្វផ្សាយណែនាំ។

បើសិនជាមានគ្រោះរញ្ជួយដី នៅពេលអ្នកនៅក្នុងរថយន្តដែលកំពុងធ្វើដំណើរ

  • - នៅពេលមានគ្រោះថ្នាក់រញ្ជួយដី រថយន្តនឹងធ្វើចលនាដូចរថយន្តបែកកង់អញ្ចឹង។ នេះមានន័យថាអ្នកមិនអាចគ្រប់គ្រងទិសដៅរថយន្ត ឬក៏បានបញ្ជាររថយន្តបានបានល្អឡើយ។ សូមឈប់នៅផ្នែកខាងស្តាំនៃផ្លូវដោយប្រុងប្រយ័ត្ន និង ព្យាយាមចៀសចេញពីផ្លូវប្រសព្វ។
  • - រក្សាទ្រូងផ្លូវឲ្យនៅទំនេរ ដើម្បីឲ្យមនុស្សនិងរថយន្តសង្គ្រោះបន្ទាន់អាចធ្វើដំណើរឆ្លងកាត់បាន។
  • - គ្រប់ផ្លូវទាំងអស់នៅក្នុងទីក្រុងនឹងបិទ។ សូមស្តាប់វិទ្យុ ហើយបើសិនជាអ្នកឃើញប៉ូលីស សូមធ្វើទៅតាមការណែនាំរបស់គាត់។ បើសិនជាអ្នកត្រូវការទៅកាន់កន្លែងមានសុវត្ថិភាពជាងនេះ សូមបិទបង្អួចទាំងអស់ ដើម្បីទប់ភ្លើង និង ទុកសោរនៅក្នុងឡក់ឃើ ឬ មិនចាក់សោរទ្វារ។ បន្ទាប់មក បម្លាស់ទីជាមួយអ្នកដទៃទៀតជាក្រុម។

បើសិនជាមានគ្រោះរញ្ជួយដី នៅពេលអ្នកនៅលើភ្នំ ឬ នៅមាត់ឆ្នេរ

  • - បើសិនអ្នកនៅជិតភ្នំ ឬ នៅកន្លែងមានចំណោទខ្ពស់ សូមប្រញាប់ទៅកាន់កន្លែងមានសុវត្ថិភាព ដែលមិនមានគ្រោះថ្នាក់បាក់ដី។
  • - បើសិនជាអ្នកនៅមាត់ឆ្នេរ អ្នកអាចនឹងទទួលគ្រោះថ្នាក់ដោយស៊ូណាមី។ នៅពេលមានររញ្ជួយដី ឬសម្លេងប្រកាសអាសន្នអំពីស៊ូណាមី សូមបើកវិទ្យុឬទូរទស្សន៍ ដើម្បីទទួលការផ្សព្វផ្សាយក្នុងតំបន់ និងភៀសខ្លួនទៅកន្លែងដែលមានសុវត្ថិភាពតាមឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

បើសិនជាអ្នកនៅជាមួយអ្នករបួស

  • - គ្រោះថ្នាក់ជាច្រើនប្រភេទអាចកើតឡើងនៅពេលមានគ្រោះរញ្ជួយដី។ ហើយក្រុមគ្រូពេទ្យឬមន្ទីរពេទ្យអាចនឹងមិនអាចជួយបានរហ័ស ដោយសារតែការដាច់ភ្លើង ស្ទះចរាចរណ៍ និងកត្តាផ្សេងៗទៀត។
  • - នៅពេលដែលមានមនុស្សរបួសនៅក្នុងគ្រោះមហន្តរាយ អ្នកនៅជុំវិញត្រូវតែផ្តល់ជំនួយបឋម។ ដូចនេះហើយវាជាការល្អដែលអ្នករៀនអំពីជំនួយបឋមទុកជាមុន។

ការជម្លៀសខ្លួនគឺជាវិធានការចុងក្រោយ៖

  • - បើសិនជាមានអគ្គីភ័យធំកើតឡើងនៅក្នុងកំឡុងពេលមានរញ្ជួយដី ដែលអាចគំរាមកំហែងដល់អាយុជីវិតអ្នក សូមធ្វើការជម្លៀសខ្លួនជាបន្ទាន់។ នៅពេលភៀសខ្លួន សូមទៅជាក្រុមជាមួយនឹងអ្នកដទៃទៀត ដើម្បីបង្ការគ្រោះថ្នាក់ ដោយអនុវត្តទៅតាមការណែនាំរបស់មន្ត្រី និងនាំយករបស់តាមខ្លួនឲ្យបានតិចបំផុត។ មិនត្រូវបើរថយន្ត ឬ ជិះកង់ឡើយ។
  • - វាជាការចាំបាច់ដែលអ្នកសហការណ៍ជាមួយនឹងអ្នកជិតខាងរបស់អ្នក ដើម្បីជួយដល់អ្នករបួស និង ជនពិការ។ បង្កើតគម្រោងភៀសខ្លួនជាមួយនឹងអ្នកជិតខាងរបស់អ្នកទុកជាមុន។

ទទួលព័ត៌មានសុក្រិត ដើម្បីដឹងពីអ្វីដែលអ្នកត្រូវធ្វើ៖

  • - មនុស្សមានការរំជួលចិត្ត នៅពេលមានគ្រោះរញ្ជួយដីធ្ងន់ធ្ងរ។ ដើម្បីបង្ការភាពចលាចល វាជាការចាំបាច់ណាស់ ដែលអ្នកត្រូវរក្សាភាពនឹងន និង ទទួលព័ត៌មានត្រឹមត្រូវ
  • - ព្យាយាមទទួលព័ត៌មានត្រឹមត្រូវ ដោយស្តាប់តាមវិទ្យុ។
  • - ជឿជាក់លើព័ត៌មានដែលផ្តល់ដោយរដ្ឋាភិបាលក្នុងតំបន់ ប៉ូលីសនិងភ្នាក់ពន្លត់អគ្គីភ័យ។ មិនត្រូវជឿទៅតាមពាក្យចចាមរាម ដែលមិនមានហេតុផលឡើយ។

<ប្រភព៖ សេចក្តីណែនាំជាតិសម្រាប់គ្រោះមហន្តរាយ ក្រសួងសុវត្ថិភាពនិងសន្តិសុខសាធារណៈ>

TOP